ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីបើកដំណើរការជាផ្លូវការ

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅខេត្តកណ្ដាល នឹងបើកដំណើរការស្វាគមន៍ឱ្យយន្តហោះចុះចតជាផ្លូវការចាប់ពីថ្ងៃទី០៩ ខែកញ្ញានេះ ខណៈរដ្ឋាភិបាលសង្ឃឹមថា ព្រលានយន្តហោះថ្មីនេះ នឹងជួយជំរុញវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត បាន​ចុះផ្សាយ​ថា ការ​បើក​ដំណើរការ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដើម្បី​ត​ភ្ជាប់​កម្ពុជា​ទៅ​កាន់​ពិភពលោក នឹង​ជួយ​គាំទ្រ​សេដ្ឋកិច្ច​ជាតិ ទេសចរណ៍ ធុរកិច្ចសាកល និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។

ការ​បើក​ដំណើរការ​ជាផ្លូវការ​នេះ​បាន​ធ្វើឡើង បន្ទាប់ពីព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី បាន​ចាប់ផ្ដើម​សាងសង់​កាល​ពី​ឆ្នាំ២០១៩ លើ​ផ្ទៃ​ដី២.៦០០ហិកតារ ស្ថិត​នៅ​ក្រុង​តាខ្មៅ​និង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ដី​ខ្លះ​ស្ថិត​ក្នុង​ស្រុក​បាទី ខេត្តតាកែវ ដែល​មាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ​ពី​ទិស​ខាង​ត្បូង​នៃ​ទីក្រុង​ភ្នំពេញ។

ព្រលាន​យន្តហោះ​នេះ ត្រូវ​បាន​សាងសង់​ក្នុង​ទំហំ​ទឹក​ប្រាក់ ១.៥០០ លានដុល្លារ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC) របស់​ឧកញ៉ា ពុង ខៀវសែ។ ក្នុង​នោះ​ទឹក​ប្រាក់ ១.១០០ លានដុល្លារ គឺ​រដ្ឋាភិបាល​បាន​ខ្ចី​ពី​ធនាគារ​បរទេស និង​២៨០​លាន​ដុល្លារ​ទៀត ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​លោក ពុង ខៀវសែ។

ព្រលាន​យន្តហោះ​នេះ ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​រដ្ឋ​ចិន China Construction Third Engineering Bureau Group និង​រចនាប័ទ្ម​ឡើង​ដោយ​ក្រុម​ស្ថាបត្យករ​ក្រុមហ៊ុន Foster + Partners ជា​ក្រុមហ៊ុន​ខាង​ស្ថាបត្យកម្ម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ ក្រុមហ៊ុន​នេះ​បាន​បង្ហោះ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំផុត​គំនិត​ពី​អរិយធម៌​ដ៏​ចំណាស់​មួយ​នៅ​លើ​ពិភពលោក និង​ដើម្បី​ផ្ដល់​នូវ​កម្រិត​ខ្ពស់​នៃ​បទពិសោធន៍ និង​ស្ដង់ដារ​ថ្មី​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​អ្នក​ដំណើរ។

រដ្ឋាភិបាល​បាន​ប្រកាស​ថា​ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ អាច​ទទួល​ការ​ចុះចត​ពី​យន្តហោះ​ឆ្លង​ទ្វីប​ដឹក​អ្នក​ដំណើរ​ធំបំផុត​របស់​ពិភព​លោក ដូចជា​យន្តហោះ​ប្រភេទ Airbus A380-800 និង​យន្តហោះ​ប្រភេទ Boeing 747-800 ហើយ​ក្នុង​ដំណាក់កាល​ដំបូង អាច​ទទួល​អ្នក​ដំណើរ ១៣ លាន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​នឹង​ឈាន​ទៅ​ទទួល​អ្នក​ដំណើរ ៣០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ២០៣០ និង​ឈាន​ទៅ​ទទួល​អ្នក​ដំណើរ ៥០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ២០៥០៕

សូមរង់ចាំអានព័ត៌មានពិស្ដារ!